ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវនៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ, លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ មកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។
លោករដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចបវរធិបតីថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញានៅក្នុងការជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងបានសម្ដែងនូវការពេញចិត្ត និងសេចក្ដីរីករាយ ដែលបានឃើញនូវភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។
ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។
មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿននូវនីតិវិធីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចបវរធិបតីជឿជាក់ថាកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕