ថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារមេគង្គវីយូ ថោវើ១ លោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និង វិស័យឯកជន ចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើនេះទាំងអស់គ្នា ព្រោះការការពារកុមារ ក៏ដូច ជាមនុស្សទូទៅពីហានិភ័យនៃការលង់ទឹកតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងប្រកបដោយ និរន្តរភាព មិនអាចស្ថាប័ន ឬវិស័យណាមួយអាចដោះស្រាយ ហានិភ័យសុខភាពនេះ តែឯងបានទេ ដើម្បីកាត់បន្ថយអត្រាមរណៈដែលបណ្ដាលមកពីការលង់ទឹកនៅកម្ពុជា។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងដោយការកើនឡើងនូវសូចនាករ សេដ្ឋកិច្ច និងមនុស្សជាប្រចាំ។ ប្រទេសកម្ពុជាក៏ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែរ នៅតែមានបញ្ហាប្រឈមទៅនឹងសុខភាពសាធារណៈដូចជាបញ្ហាលង់ទឹក។ ក្នុងនោះមនុស្សប្រមាណ ៧៨,០០០នាក់ បាន លង់ទឹកជារៀងរាល់ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយជាបធ្យម មានម្នាក់ស្លាប់រៀងរាល់ប្រាំមួយនាទីម្ដង។ អត្រាមរណៈនៃការលង់ទឹកគឺខ្ពស់ដែលបង្ហាញពីបញ្ហាប្រឈម ផ្នែកសុខភាពសាធារណៈជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះ ។
យោងតាមទិន្នន័យប៉ាន់ស្មានសុខភាពសកលដែលបានចេញផ្សាយក្នុងឆ្នាំ២០២១ប្រទេសកម្ពុជាមានអត្រាមរណ:ដោយការលង់ទឹកប្រមាណ៧.៦នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ ដែលខ្ពស់ជាងមធ្យមភាគក្នុងតំបន់ដែលមាន ៤.៣ នាក់ និងមធ្យមភាគសកលដែលមានតែ ៣.៨ នាក់។ ការលង់ទឹកមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ វាអាចកាត់បន្ថយនូវមូលធនមនុស្ស និងបន្ទុកសេដ្ឋកិច្ចនៅទូទាំងពិភពលោកការប៉ាន់ប្រមាណតម្លៃសង្គមនៃការលង់ទឹកមានចំនួន ១៤៦៩ ពាន់លានដុល្លា ក្នុងឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់លើផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនលើមូលហេតុដែល អាចការពារបាននៃការស្លាប់នេះ។ នៅក្នុងនោះជាង ៩០%នៃការស្លាប់ដោយសារលង់ទឹកកើតឡើងនៅក្នុងប្រទេសកម្ពុជា គឺមានចំណូលទាបនិងមធ្យម៕