លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ បានឆ្លើយតបក្រោយមានពលរដ្ឋថៃបានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា នៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកនាំពាក្យក្រសួងការបរទេសបានបំភ្លឺថា ហេតុការណ៍ពិតប្រាកដកើតឡើងនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា បណ្តាលឲ្យទាហាន ខ្មែរ ម្នាក់បាត់បង់ជីវិត ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នោះគឺជាតំបន់ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ ។
លោកបញ្ជាក់ថា ការវាយប្រហារនេះ បានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយនិងមានការចុះ MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។
លោកអះអាងថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕