ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុង “ពិធីសម្ពោធដាក់ឱ្យ ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD” ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចេញមុខការពារខុសត្រូវចំពោះកងកម្លាំង និងអាជ្ញាធរដែលចុះអនុវត្តច្បាប់ត្រឹមត្រូវ ចំពោះជនល្មើសធនធានធម្មជាតិនានា ដែលមានបំណងអាក្រក់ប្រើហិង្សា ឬប្រើអាវុធមកលើកងកម្លាំង ព្រោះពលរដ្ឋគ្មានអាវុធប្រើប្រាស់នោះឡើយ។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ការចេញមុខការពារខុសត្រូវចំពោះកងកម្លាំង និងអាជ្ញាធរដែលចុះអនុវត្តច្បាប់នេះ ដើម្បីលើកទឹកចិត្ដដល់កងកម្លាំងការពារធនធានធម្មជាតិ ជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ផ្ដល់អត្ថប្រយោជន៍រួមទាំងអស់គ្នា ។
ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតីបានណែនាំឱ្យក្រសួងកសិកម្ម កងកម្លាំង និងអាជ្ញាធរខេត្ដអនុវត្ដច្បាប់ការប៉ះពាល់ និងបង្ក្រាបខុសគោលដៅជាមួយប្រជាពលរដ្ឋដែលគ្មានចេតនា ត្រូវកែសម្រួល ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជានេសាទនៅក្នុ្ងងមូលដា្ឋន។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតីព្រមានចំពោះអ្នកល្មើសច្បាប់កុំចង់សាកឱ្យសោះ ដើម្បីជៀសរៀងការអនុច្បាប់ដោយគ្មានការលើកលែង ខណៈដែលនាពេលកន្លងមកមានការប្រើហឹង្សាជាមួយកងកម្លាំង ។
សម្ដេចថ្លែងថា ខ្ញុំដឹងថា ពេលខ្លះមានរហូតប្រើប្រាស់ឧបករណ៍នេសាទ្រង់ទ្រាយធំ និងឈានទៅចង់ដេញបាញ់ និងបើបុកកងកម្លាំងបន្ថែមទៀត ហើយកងកម្លាំងមានសិទ្ធិការពារខ្លួន យើងអនុវត្ដមិនចង់ប្រើហឹង្សាជាមួយពលរដ្ឋនោះទេ ប៉ុន្ដែប្រសិនបើមានការបាញ់ប្រហារ និងមានចេតនាហឹង្សាមកលើកងទ័ព ព្រោះពលរដ្ឋគ្មានកាំភ្លើងនោះទេ អ៊ីចឹងអ្នកប្រព្រឹត្ដខុសស្ដាប់ឱ្យច្បាស់ កុំចង់សាកយកកាំភ្លើងបាញ់កងទ័ព ប៉ូលីស និងប៉េអ៊ឹម ហើយបើមានសកម្មភាពបែបនេះ កងកម្លាំងត្រូវមានសិទ្ធិការពារខ្លួនខ្ញុំទទួលខុសត្រូវ….»។
សម្តេចមហាបវរធិបតីបន្ថែមថា រាជរដ្ឋាភិបាលមិនបិទសិទ្ធិប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារនោះទេ ប៉ុន្ដែជៀសរៀងតែនេសាទជាលក្ខណៈទ្រង់ទ្រាយធំតែប៉ុណ្ណោះ៕