រោងចក្រនេះមានទំហំផ្ទៃដីសរុប ១១ ហិកតា ក្នុងនោះ ផ្ទៃរោងចក្រមាន ២,៧ ហិកតា។ ក្រៅពីនេះ មានអគារការិយាល័យ ទីធ្លា និងផ្លូវ។ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ TH Group ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ និងជាអ្នកឯកទេសផ្នែកយានយន្តនៅកម្ពុជា។ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) បានទទួលអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងបានចុះហត្ថលេខាទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្រុមហ៊ុននេះបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០ ភាគរយ។ គម្រោងវិនិយោគរបស់ក្រុមហ៊ុន គឺរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC និងរថយន្តម៉ាក CHEVROLET ដែលមានសមត្ថភាពផលិតសរុបប្រមាណ ២០.០០០ គ្រឿងក្នុងមួយឆ្នាំ សម្រាប់បម្រើទីផ្សារក្នុងស្រុក ៩០ ភាគរយ និងនាំចេញ ១០ ភាគរយ។ គម្រោងនេះប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១៩.៣ លានដុល្លារអាម៉េរិក និងផ្តល់ការងារដល់កម្លាំងពលកម្មក្នុងស្រុកសរុបចំនួន ២៥០ នាក់ ក្នុងនោះមានស្ត្រី ២០ នាក់ និងអ្នកបច្ចេកទេសបរទេស ២ នាក់។
សូមបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន ដោយមានការជួយជ្រោមជ្រែងប្រកបដោយភាពសប្បុរស និងសកម្ម ព្រមទាំងការបន្តគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុនបានដំឡើងសាកល្បងរថយន្តសរុបចំនួន ២១៣ គ្រឿង ដោយដំណើរការបានយ៉ាងរលូន និងប្រកបដោយជោគជ័យក្នុងផលិតកម្ម៕