នគរបាលល្មើសវិន័យ នឹងបញ្ជូនទៅធ្វើការនៅព្រំដែន
ថ្ងៃទី ៖ 18-03-2025, ដោយ Dara007 , 85 Views
កំពង់ស្ពឺៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានបញ្ជាឱ្យថ្នាក់ដឹកនាំអង្គភាពជំនាញសិក្សា ដើម្បីឈានទៅអនុវត្តបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យ ឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន សម្រាប់ការដាក់ទណ្ឌកម្មថ្មី។
ការបញ្ជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។
លោក ស សុខា បានណែនាំឱ្យអង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិករណីខ្លះបន្ថយទាំងសក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។ ក្នុងន័យនេះ លោក អះអាងថា «នគរបាលដែលបានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំង នៅទីនោះ គាត់លំបាកកម្រិតណា ដើម្បីកែប្រែឥរិយាបថ និងកែប្រែខ្លួនក្រោយទទួលបានការពនិន័យទៅព្រំដែនមកវិញ ហើយខិតខំធ្វើការឱ្យបានល្អសម្រាប់បម្រើរប្រជាពលរដ្ឋ អង្គភាព និងប្រទេសជាតិឱ្យកាន់តែល្អប្រសើរ និងរីកចម្រើន។
ជាមួយគ្នានេះលោកក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វីដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕
|