ក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា២០២៦ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានពន្យល់ពីសារបានសម្រាប់ប្រទេសនីមួយៗក្នុងពិភពលោកដែលចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនោះ ត្រូវមានសូចនាករ៣សំខាន់ៗដែលមិនអាចខ្វះបាន ។ សូចនាករទាំង៣នោះ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្រ្តីពន្យល់ថា សំឡេង “ដែលទាមទារដើម្បីធ្វើការវាយតម្លៃថា ប្រទេសមួយអាចចេញឬទេ? សូចនាករនោះទី១ គឺចំណូល គឺផលទុនជាតិសម្រាប់មនុស្សម្នាក់ៗដែលលក្ខខណ្ឌក្នុងការចេញប្រទេសនីមួយៗត្រូវតែមានយ៉ាងហោចណាស់មនុស្សម្នាក់ៗមានចំណូល១២២២ដុល្លារ នៅឆ្នាំ២០២៦នេះ កម្ពុជា២៧៥០ដុល្លារ បានន័យថា ខ្ពស់មួយគុណជា២រួចទៅហើយ” ។
ចំពោះសូចនាករទី២វិញ សម្តេចធិបតីបានពន្យល់ទៀតថា ប្រទេសដែលអាចចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច គឺមានសន្ទស្សន៍នៃទ្រព្យមនុស្សដែលទាមទារឱ្យប្រទេសនីមួយៗមានពិន្ទុ៦៦ ប៉ុន្តែសម្រាប់កម្ពុជាមានពិន្ទុរហូតទៅដល់៧៧,៥៣ ។
ចំពោះសូចនាករទី៣ សម្តេចធិបតីពន្យល់បន្ថែថា គឺទាមទារឱ្យសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថានត្រូវតូចជាង៣២ពិន្ទុបានន័យថា ភាពធន់នៃសេដ្ឋកិច្ច និងបរិស្ថាន ។ ដូច្នេះ សម្រាប់ពិន្ទុកម្ពុជាមានទៅដល់២៣,១៥ ដែលទាបជាង១០ពិន្ទុនូវអ្វីដែលខាងអង្គការសហប្រជាជាតិទាមទារ។ ប៉ុន្តែទោះបីជាយ៉ាងណាលក្ខខណ្ឌសម្រាប់កម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចគឺគ្រប់គ្រាន់ហើយសម្រាប់ការត្រៀមចាកចេញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ខាងមុខ ។
សម្តេចធិបតីសង្កត់ធ្ងន់ទៀតថា យ៉ាងណាក៏ដោយកម្ពុជា ក៏មានតម្លៃគ្រប់គ្រាន់ អាចចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ប៉ុន្តែកម្ពុជា សម្រេចជ្រើសយកឆ្នាំ២០២៩ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរកុំឱ្យមានភាពរអាក់រអួលក្នុងការធានានៃចីរភាពនៃការអភិវឌ្ឍប្រទេស។
សម្ដេចធិបតីអះអាងថា នៅឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញជម្រើសពីរក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ហើយកម្ពុជា សម្រេចជ្រើសរើសយកឆ្នាំ២០២៩។ ការសម្រេចយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី» នោះទេ គឺកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី» ពោល គឺកម្ពុជា ចង់ឱ្យការចាកចេញហើយមានភាពរឹងមាំខាងសេដ្ឋកិច្ច៕