|
កីឡាដ្ឋានខេត្តបន្ទាយមានជ័យ សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការហេីយ
ថ្ងៃទី ៖ 15-09-2026, ដោយ Dara007 , 4 Views
បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ កីឡាដ្ឋានលក្ខណៈស្តង់ដារ មានតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ បានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការហេីយ ដេីម្បីចូលរួមលេីកកម្ពស់ក៏ដូចជាបម្រេីដល់វិស័យកីឡានៅកម្ពុជា។
ថ្លែងក្នុងពិធីកាត់ខ្សែបូណ៌កីឡាដ្ឋាន "កងវ៉ា" និងផ្លូវកៅស៊ូ DBST ប្រវែងជិត៨០០ម៉ែត្រ នៅកីឡាដ្ឋាន "កងវ៉ា " ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ទីលានមួយនេះមានលក្ខណៈស្តង់ដារសម្រាប់ទទួលព្រឹត្តិការណ៍នៃការប្រកួតធំៗក្នុងព្រឹត្តិការប្រកួតកីឡាផ្សេងៗ ហើយកីឡាដ្ឋាននេះទៀតសោត ក៏មានកន្លែងសម្រាប់ទស្សនិកជន អាចអង្គុយទស្សនា បានយ៉ាងងាយស្រួល មានកន្លែងចតរថយន្ត និងទីតាងកីឡាដ្ឋានមានទីតាំងធំទូលាយ ។ សមិទ្ធផលថ្មី នៃកីឡាដ្ឋានមួយនេះ គឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា ដែលជាកម្លាំងចលកររួមដើម្បីកិត្តិយសជាតិ ហេីយវិស័យកីឡាកម្ពុជាបាននិងកំពុងបោះជំហានយ៉ាងស្វាហាប់នៅលើឆាកជាតិ និងអន្តរជាតិ ជាពិសេសបន្ទាប់ពីជោគជ័យជាប្រវត្តិសាស្ត្រនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលកន្លងមកប្រកបដោយភាពជោគជ័យ។
ដេីម្បីចូលរួមលេីកកម្ពស់វិស័យកីឡា ក៏បានជំរុញឱ្យមានការលេងកីឡានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន បន្តបង្កើតឱ្យមានកម្មវិធីកីឡាក្រៅម៉ោងសិក្សា និងការប្រកួតកម្រិតសាលា ក៏ដូចជាតាមស្ថាប័នទាំងរដ្ឋ និងឯកជន ឱ្យបានញឹកញាប់ផងដែរ។ ហេីយការបណ្ដុះបណ្ដាលទម្លាប់លេងកីឡាតាំងពីវ័យកុមារ មិនត្រឹមតែជួយឱ្យសុខភាពមាំមួនប៉ុណ្ណោះទេ ថែមទាំងជាការស្វែងរក និងជ្រើសរើស "គ្រាប់ពូជ" ឬធនធានកីឡាករជំនាន់ក្រោយប្រកបដោយសមត្ថភាព។
លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានលើកឡើងថា កីឡាដ្ឋាននេះមិនត្រឹមតែជាទីតាំងសម្រាប់រៀបចំការប្រកួតនោះទេ ប៉ុន្តែវាគឺជាគ្រឹះយ៉ាងរឹងមាំនិងជាបេះដូងនៃការអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា។ សម្រាប់កម្ពុជា ការកសាង កីឡាដ្ឋានទំនើបៗ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាជាតិឱ្យឈានទៅមុខមួយកម្រិតទៀត។ ហេីយកីឡាដ្ឋានមួយនេះក៏ជួយដល់វិស័យកីឡានៅក្នុងខេត្តបន្ទាយមានជ័យ ជួយបង្កើនសមត្ថភាពនិងការហ្វឹកហាត់កម្រិតស្តង់ដារ ដោយមានឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធទំនើប ជាទីតាំងហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងស្តង់ដារអន្តរជាតិដល់កីឡាករ-កីឡាការិនីផងដែរ៕
|