កាលពីពេលថ្មីៗនេះ លោក Thomas Andrews បានចុះពិនិត្យស្ថានភាពនៅតាមព្រំដែន ក៏ដូចជាស្ថានភាពជនភៀសខ្លួនកម្ពុជា។ បន្ទាប់ពីបានឃើញស្ថានភាពជាក់ស្តែង លោកបានធ្វើសន្និសីទសារព័ត៌មានមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍ និងលើកឡើងអំពីសេចក្តីថ្លែងការណ៍របស់លោកស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងជនភៀសខ្លួន។ ប៉ុន្តែ សកម្មភាព និងការលើកឡើងរបស់លោក Thomas Andrews ត្រូវបានរដ្ឋាភិបាលថៃបញ្ចេញមតិមិនពេញចិត្ត។
ពាក់ព័ន្ធនឹងបញ្ហានេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានស្វាគមន៍ចំពោះមតិយោបល់នានាលើសេចក្តីថ្លែងការណ៍របស់លោក រួមទាំងមតិយោបល់ពីរដ្ឋាភិបាលថៃផងដែរ។ លោកបានបញ្ជាក់ថា នេះជាមូលហេតុដែលលោកបានផ្ញើសេចក្តីព្រាងជាមុននៃផ្នែកមួយនៃសេចក្តីថ្លែងការណ៍ ដែលពាក់ព័ន្ធនឹងជម្លោះព្រំដែនទៅកាន់រដ្ឋាភិបាលថៃ កាលពីពីរថ្ងៃមុនពេលចេញផ្សាយ រួមទាំងផ្នែកដែលនិយាយអំពីការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ទោះជាយ៉ាងណា លោកមិនទទួលបានការឆ្លើយតបចំពោះការទំនាក់ទំនងនោះទេ ប៉ុន្តែលោកនៅតែបើកចំហ និងមានបំណងពិភាក្សាអំពីទស្សនៈរបស់រដ្ឋាភិបាលថៃ។
លោកបន្តថា មន្ត្រីថៃបានជំទាស់ជាសាធារណៈចំពោះការលើកឡើងរបស់លោកអំពីប្រជាជនកម្ពុជាប្រមាណ ៦៥០.០០០នាក់ ដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះ រួមទាំងការបញ្ជាក់ថា អ្នកខ្លះក្នុងចំណោមអ្នកដែលត្រូវបានផ្លាស់ទីលំនៅ បានរស់នៅលើទឹកដីថៃ។ លោកបានកត់សម្គាល់ថា ទោះបីមានទស្សនៈខុសគ្នាពីភាគីថៃក៏ដោយ ក៏តួលេខដែលលោកបានលើកឡើងអំពីជនភៀសខ្លួន គឺបានដកស្រង់ចេញពីរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ការលើកឡើងអំពីអ្នកដែលត្រូវបានផ្លាស់ទីលំនៅ គឺផ្អែកលើក្តីបារម្ភផ្នែកសិទ្ធិមនុស្ស ដោយមិនពាក់ព័ន្ធនឹងការទាមទារទឹកដីដែលមានជម្លោះឡើយ។
លោកគូសបញ្ជាក់ថា នៅខែក្រោយ លោកនឹងបញ្ចប់របាយការណ៍របស់លោកស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោកនឹងទាក់ទងទៅរដ្ឋាភិបាលថៃម្តងទៀត នៅពេលរៀបចំរបាយការណ៍នេះ ហើយសង្ឃឹមថា នឹងអាចពិភាក្សាជាមួយមន្ត្រីថៃ ដើម្បីស្វែងយល់ពីទស្សនៈរបស់ពួកគេ មុនពេលរបាយការណ៍ត្រូវបានបោះពុម្ពផ្សាយ។ លោកបានគូសបញ្ជាក់បន្ថែមថា ការដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី គឺមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ រស់នៅក្នុងបរិយាកាសប្រកបដោយស្ថិរភាព និងសុវត្ថិភាព ព្រមទាំងអាចទទួលបានផលប្រយោជន៍ពីឱកាសសេដ្ឋកិច្ច ដែលការធ្វើពាណិជ្ជកម្មតាមព្រំដែនអាចផ្តល់ជូន៕