សម្ដេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជាមានអង្គការសង្គមស៊ីវិលចំនួនជាង ៣៥០០ អង្គការសង្គមស៊ីវិល ដែលជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល ហើយដៃគូរបែបនេះដែលរាជរដ្ឋាភិបាលនឹងបន្តគាំទ្រ ជួយថែមទៀត ជាពិសេសអង្គការសង្គមស៊ីវិលដែលធ្វើការងារពិតប្រាកដជួយពលរដ្ឋកម្ពុជាពិតប្រាកដ។ សម្ដេចធិបតីអះអាងថា អង្គការសង្គមស៊ីវិលដែលធ្វើការពិតប្រាកដជួយដល់កម្ពុជា តាមរយៈការផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាសិទ្ធិទទួលបានការអប់រំ និងថែទាំសុខភាព ពិសេសសិទ្ធិរស់រានមានជីវិត គឺរាជរដ្ឋាភិបាលមានការគាំទ្រ និងជួយឧបត្ថម្ភបន្ថែមផងដែរ។
ជាក់ស្ដែង សម្ដេចធិបតី បានគូសបញ្ជាក់ថា ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ រាជរដ្ឋាភិបាលមិនឱ្យត្រីទេ ប៉ុន្ដែឱ្យសន្ទូចត្រី ដូចអង្គការកាលពីដំណាក់កាលដំបូងឱ្យអាហារហូបសិន បន្ទាប់មកបានផ្ដល់ការអប់រំដល់កុមារកម្ពុជា ដែលបានកសាងធនធានមនុស្សដែលមានសត្ថភាព និងមានភាពម្ចាស់ការ។
សម្ដេចធិបតីនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន។
សម្ដេចធិបតី ក៏បានកោតសរសើរចំពោះទស្សនវិស័យរបស់ អង្គការ PSE ដែលមិនត្រឹមតែផ្ដោតលើការផ្ដល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដោតលើការបង្កើតសមត្ថភាពឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលមានជីវភាពខ្វះខាតរបស់កម្ពុជាផងដែរ។