ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោក លឿង តាមក្វាង បានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជានេះ បានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ហើយជាពិសេសគឺមិត្តភាពរវាងកម្ពុជា និងវៀតណាម និងបានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណីនឹងគ្នាជាយូរមកហើយ ដូច្នេះបញ្ហាទាក់ទងទៅនឹងសន្តិសុខប្រទេសទាំងពីរត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមក ដែលជាកត្តាដ៏សំខាន់ក្នុងការធានាបាននូវសន្តិសុខរវាងប្រទេសទាំងពីរ។
បន្ថែមពីនោះ លោកក៏បានលើកឡើងថា ចំពោះសន្តិសុខក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកម្លាំងណាមួយដែលប្រើប្រាស់ទឹកដីម្ខាង ហើយប្រឆាំងទៅនឹងប្រទេសមួយទៀត ជាចំណុចដែលប្រទេសកម្ពុជា និងវៀតណាមក៏ដូចជាឡាវ បានរួមសាមគ្គីគ្នាក្នុងការធ្វើកិច្ចការងារនេះដើម្បីកុំឱ្យមានភាពអសន្តិសុខកើតឡើង។
ត្រង់ចំណុចនេះសម្ដេចតេជោបានសម្ដែងការពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយសម្ដេចបានសង្កត់ធ្ងន់ថា ចំណុចដែលជៀសវាងឱ្យបាននោះ គឺជៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសណាមួយប្រឆាំងប្រទេសណាមួយទៀតឧទាហរណ៍ដូចជាការប្រើប្រាស់កម្លាំងលើទឹកដីនៅក្នុងប្រទេសវៀតណាម ហើយប្រឆាំងទៅនឹងកម្ពុជា ឬក៏ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងទៅនឹងវៀតណាម ដែលចំណុចនេះយើងត្រូវសហការគ្នាធ្វើយ៉ាងណាកុំឲ្យមានករណីបែបនេះកើតឡើង។
បន្ថែមលើសពីនេះ សម្ដេចតេជោក៏បានជំរុញឱ្យប្រទេសទាំងពីរ ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន តាមបណ្ដាព្រំដែនរវាងកម្ពុជា និងវៀតណាម ត្រូវសហការគ្នាជាប្រចាំ ដើម្បីធានាឱ្យបាននូវសន្តិសុខនៅតាមព្រំដែន ពោលគឺរក្សាឱ្យបាននូវព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ រួមជាមួយគ្នា ដែលជាអំណោយផលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៅលើការរួមគ្នាប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយក្នុងចេតនាបំបែកបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ផងដែរ៕