ទិវាមច្ឆជាតិ ១កក្កដា ត្រូវបានប្រារព្ធឡើង ដោយផ្អែកលើអនុក្រឹត្យលេខ ៩៦អនក្រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្សនិងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។
តាមរបាយការណ៍ទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ឆ្នាំ២០២៦នេះ បានលែងត្រីមេពូជ កូនត្រី និងវារីសត្វសរុប ២០ប្រភេទ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីកាហែ ត្រីឆ្ពិន ត្រីគ្រំ ត្រីត្រសក់ ត្រីកន្រ្តប់ខ្លា ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីសណ្តាយ ត្រីអណ្តែង ត្រីព្រលូង កង្កែប បង្កង អន្ទង់ អណ្តើក កន្ធាយ សរុបប្រមាណ ១,៥លានក្បាល ។
សូមបញ្ជាក់ថា ទិវាមច្ឆជាតិ ឆ្នាំ២០២៦ ដែលធ្វើឡើង នៅទន្លេវ៉ៃគោនេះ គឺជាលើកទី២ហើយ ដែលលើកទី១ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១១ (ទិវាមច្ឆជាតិ លើកទី៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ អាងទន្លេវ៉ៃគោមានទំហំ ១ ៦៨៦ហិកតានៅរដូវវស្សា ដែលអាចស្តុកទឹកបាន ៣០លានម៉ែត្រគូប និងមានទំហំ ១ ៣៥០ហិកតានៅរដូវប្រាំង អាចស្តុកទឹកបាន ១៥លានម៉ែត្រគូប។ ទន្លេវ៉ៃគោនៅតែរក្សាបាននូវតួនាទីដ៏សំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើនេសាទនិងធ្វើស្រែចម្ការ៕