ក្នុងឱកាសនៃជំនួបពិភាក្សាការងារ លោក វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរសម្ដេចធិបតី ដែលបានដឹកនាំប្រទេសឱ្យសម្រេចបាននូវសន្ទុះអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
លោក វ៉ាង យី បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់ឯកឧត្តម និង លោកនាយឧត្តមនាវី តុង ជុន ក្នុងយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានអបអរសាទរសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសចិនសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែទាំ ព្យាបាលព្រះរោគ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។
ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សម្ដេចធិបតីបានគូសរំលេចជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្តេចធិបតីក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ សម្ដេចធិបតី និងលោក វ៉ាង យី រួមជាមួយលោកនាយឧត្តមនាវី តុង ជុន បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម ជាដើម។
សម្ដេចធិបតី លោក វ៉ាង យី និង លោកនាយឧត្តមនាវី តុង ជុន ក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
សម្ដេចធិបតីក៏បានជម្រាបជូនលោក វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃ៕