|
កម្ពុជា ច្រាលចោលការចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន
ថ្ងៃទី ៖ 24-03-2026, ដោយ Dara007 , 5 Views
ភ្នំពេញៈ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។
កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។
កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕
|