ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសផ្តោតលើការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មានបានប្រែក្លាយខ្លួនជាស្ថាប័នកិច្ចការសាធារណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំការងារគ្រប់គ្រងសន្តិសុខព័ត៌មានដោយផ្អែកលើសសរស្តម្ភ ៣ គឺ៖ សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន។
លោកបានបញ្ជាក់ថា ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយបែបទំនើប និងបណ្តាញសង្គមកើនឡើង ការធានាឱ្យពលរដ្ឋទទួលបានព័ត៌មានដែល «ពិត មានប្រភពច្បាស់លាស់ និងមានសុវត្ថិភាព» គឺជាកិច្ចការចម្បងបំផុតមួយរបស់ក្រសួង។ ក្នុងកិច្ចពិភាក្សានោះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រី Vladanka អំពីវឌ្ឍនៈភាពនិងភាពជោគជ័យនៃយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានអនុវត្តនៅក្នុង២៥រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃយុទ្ធនាការនេះថាបានរួមចំណែកក្នុងការបង្កើនសមត្ថភាពពលរដ្ឋឱ្យមានភាពធន់នឹងឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះបានបណ្តុះស្មារតី និងបង្កើតទម្លាប់មហាជនឱ្យចេះវិភាគ ត្រិះរិះ និងការពារខ្លួនពីគ្រោះថ្នាក់នៃព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ការបង្កើតព័ត៌មានក្លែងក្លាយ រាប់ទាំងព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យាAi ផងដែរក្នុងយុគសម័យឌីជីថល។ លោកស្រី Vladanka Andreeva បានបង្ហាញការគាំទ្រចំពោះយុទ្ធនាការនេះ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងសុខុមាលភាពរបស់យុវវ័យ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានជម្រាបបានជម្រាបជូនលោកស្រី Vladanka អំពីការពង្រឹងសណ្តាប់ធ្នាប់ និងវិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងចំណោមកិច្ចការអាទិភាពដទៃទៀត ដើម្បីធានាសុវត្ថិភាពព័ត៌មាន តាមរយៈការពង្រឹងការគោរពក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានសម្រាប់ផ្តល់ព័ត៌មានពិត មានគុណភាពក្នុងបរិបទឌីជីថល និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការលើកកម្ពស់គុណភាពព័ត៌មាន និងការពង្រឹងតួនាទីរបស់សារព័ត៌មានក្នុងការបម្រើប្រយោជន៍សង្គមដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNESCO និង OHCHR ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន។ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយបញ្ហាប្រឈមនៃបច្ចេកវិទ្យា ឱ្យទៅជាកាលានុវត្តភាព ដើម្បីកសាងសង្គមកម្ពុជាឱ្យមានភាពធន់ ពោរពេញដោយចំណេះដឹង និងព័ត៌មានពិតច្បាស់លាស់ សម្រាប់ការអភិវឌ្ឍដោយបរិយាបន្ន ៕