|
សម្ដេចតេជោ៖ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វី ដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង
ថ្ងៃទី ៖ 11-03-2026, ដោយ Dara007 , 62 Views
ភ្នំពេញៈ សម្ដេចតេជោថ្លែងថា អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង ខណៈដែលសម្ដេចបានខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ។
យោងតាមគណនីផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ដោយភ្ជាប់សំណេរថា ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។
សម្ដេចតេជោមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើសម្តេចមិនទប់ស្កាត់ទេរឿងនេះវារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វី ដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។
សម្ដេចតេជោបានគូសបញ្ជាក់ថា ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ៕
|