ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោក ចាន់ រតនា អ្នកនាំពាក្យស្តីទី នៃក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ក្នុងអំឡុងពេលមានសង្គ្រាមដែលបង្កឡើងដោយយោធាថៃ កម្ពុជាបានខិតខំប្រឹងប្រែងធ្វើការជាមួយឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥ ដោយបានសហការគ្នាស្វែងរកសន្តិភាព ។ លោកបន្តថា ទោះបីជាម៉ាឡេស៊ីបញ្ចប់អាណត្តិជាប្រធានអាស៊ានក៏ដោយ ក៏កម្ពុជានៅបន្តធ្វើការជាមួយប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៦នេះ ។
លោកសង្កត់ធ្ងន់ថា “នៅកម្រិតតំបន់ យើងនឹងបន្តធ្វើការជាមួយប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ានថ្មីនាពេលបច្ចុប្បន្ន ហើយនឹងបន្តប្រើប្រាស់យន្តការអាស៊ាន ដើម្បីជំរុញឈានទៅការរកសន្តិភាព និងភាពសុខដុមរមនាយូរអង្វែង ក្នុងសហគមន៍អាស៊ាន ដើម្បីរក្សានិងលើកស្ទួយកិត្តិយសអាស៊ាននៅកម្រិតអន្តរជាតិ” ។
លោកបន្ថែមថា ស្ថានបេសកកម្មរបស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងប្រចាំនៅអង្គការអន្តរជាតិផ្សេងៗបានធ្វើលិខិតសុំអន្តរាគមន៍ និងបានជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃអង្គការសំខាន់ៗដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាននិងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្កូ ប្រធានកាកបាទក្រហមអង្គការ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិលំនៅឋានសមរម្យរបស់អង្គការសិទ្ធិមនុស្ស។ នេះជាកិច្ចប្រឹងប្រែងរបស់ក្រសួងការបរទេសក៏ដូចជា ស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកដែលបានស្វះស្វែងរកជំនួយពីសហគមន៍អន្តរជាតិសម្រាប់ដំណោះស្រាយតាមបែបការទូត ។
ក្រសួងការបរទេស និងស្ថានបេសកកម្មការទូតកម្ពុជា នៅក្រៅប្រទេសកំពុងបន្តធ្វើការងារផ្នែកការទូតប្រកបដោយភាពស្វាហាប់ និងខ្លាំងក្លាដើម្បីរកដោះស្រាយបញ្ហាផ្សេងៗដែលជាឧបសគ្គដ៏ធំរបស់កម្ពុជា៕