|
ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នាកសាងសហគមន៍គ្មានគ្រឿងញៀន
ថ្ងៃទី ៖ 18-11-2025, ដោយ Dara007 , 11 Views
ស្វាយរៀងៈ ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នាកសាងសហគមន៍គ្មានគ្រឿងញៀន ដើម្បីធ្វើឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន ។
ក្រសួងព័ត៌មានបានរួមសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន និងApp NoDrug នៅទីរួមខេត្តស្វាយរៀង លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា សភាពការណ៍គ្រឿងញៀន និងបំផុសឲ្យរួមគ្នាជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មានគ្រឿងញៀន និងបានស្នើសុំឱ្យគ្រប់សមាសភាពមាន៖ទូរទស្សន៍ វិទ្យុ សិល្បករ-សិល្បការិនី ពិធីករ-ពិធីការិនី អ្នកផលិតមាតិកា បន្តចូលរួមចំណែកក្នុងការបញ្ជ្រាបនូវការយល់ដឹងអំពីបញ្ហាគ្រឿងញៀន ទៅកាន់គ្រប់មជ្ឈដ្ឋាន។
លោក មែន អេង អភិបាលរងខេត្តស្វាយរៀង បានលើកឡើងដោយបានជំរុញឲ្យយុវជនស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតល្អ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំនិងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងពីវិនាសកម្ម នៃគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ឱ្យធ្វើការផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្កិ និងមនុស្សជាទីស្រឡាញ់ទាំងអស់ ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ព្រមទាំងបានថ្លែងនូវអំណរគុណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ដែលតែងតែចូលរួមសកម្មភាពផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕
|