លោក សេង សក្តា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលការិនីខ្មែរ បន្ទាប់ពីមានការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិពលករទេសន្តរប្រវេសន៍យ៉ាងធ្ងន់ធ្ងរ។
លោក ក៏បានបញ្ជាក់ជូនថារដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងនិងអំពើថោកទាបរំលោភសេពសន្ថវៈ (រំលោភបូក) ដោយក្រុមទាហានឈុតខ្មៅថៃទៅលើពលករខ្មែរជាស្រ្តី ១រូប។
ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងបានណែនាំនិងក្រើនរំលឹកសារជាថ្មីដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និងការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕