លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទី នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កម្ពុជាបានបន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ លោក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
ស្របតាមស្មារតីនេះ ភាគីថៃក៏បានធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ជំហានទី២ នៃដំណាក់កាលទី១ ដូចគ្នាផងដែរ នៅក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ សូមជម្រាបជូនថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ អនុវត្តតាមស្មារតីនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយសកម្មភាពនៅថ្ងៃនេះ ជាការអនុវត្តជំហានទី២ នៃដំណាក់កាលទី១។
ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងបន្តអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។