លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីវេលាម៉ោង៣៖៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ។
កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមានប្រដាប់ដោយអាវុធ ហើយដែលកំពុងតែឈរជើងប្រចាំនៅក្នុងតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារៈកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ ក្នុងការប្រកាន់ខ្ជាប់ខ្ជូនបំផុត នៃកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ។ សមត្ថកិច្ច និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃដែលបានរងរបួស និងបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ។
ជាមួយគ្នានេះ លោក ប៉ែន បូណា សូមថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់ត្រង់ចំណុចទី២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
លោក សូមបញ្ជាក់សារជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រមទ្វេភាគីដែលមានជាធរមាន ព្រមទាំងអនុសញ្ញាសន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងសូមអំពាវនាវដោយទទូចឲ្យភាគីថៃ គោរពគោលការណ៍ទាំងនេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងផ្នែកយោធាដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ដែលនាំដល់ការផ្ទុះអាវុធសារជាថ្មី៕