ថ្លែងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ស្រី ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងដូច្នេះថា៖ «កងកម្លាំងកម្ពុជាចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះ យើងបានទទួលសពចំនួន១រូប និង២0រូបផ្សេងទៀត ត្រូវបញ្ជូនត្រឡប់មកវិញ»។
លោកស្រីបានបញ្ជាក់ថា យើងនឹងបន្តចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនទាំងអស់ឱ្យបានឆាប់បំផុត ដោយសុវត្ថិភាព។ ក្នុងន័យនេះ យើងសូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកម្លាំងរបស់យើងទាំង២០រូប ឱ្យត្រឡប់មកវិញ ឱ្យបានឆាប់រួមទាំងកម្លាំងផ្សេងទៀត បើសិនមានក្នុងការគ្រប់គ្រងរបស់ថៃ»។
លោកស្រីបានបន្តថា អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋយើង និងការពារសន្តិភាព ដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលយើងបាន និងកំពុងធ្វើបច្ចុប្បន្ននេះ។ លោកស្រីអំពាវនាវឱ្យប្រជាពលរដ្ឋ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងម្លាំងដែលកំពុងឈរការពារទឹកដីយ៉ាងមោះមុត ក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត។
លោកស្រីបានស្នើឱ្យប្រជាពលរដ្ឋមានលំនឹងចិត្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើង មិនដែលលះបង់ កងទ័ពរបស់យើងណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកស្រីបញ្ជាក់ទៀតថា មកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើការជាមួយរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ ហើយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទរបស់កម្ពុជា ក៏បានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីជួយអន្តរាគមន៍ផងដែរ ហើយមេទ័ពជួរមុខ ក៏បាន និងកំពុងព្យាយាមដោះស្រាយ ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថា នឹងវិលត្រឡប់មកវិញដោយសុខសុវត្ថភាព៕