ក្នុងទិសដៅនេះ ស្រុកបន្ទាយស្រីបានប្រកាសជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងប្រជាពលរដ្ឋពីការបំពុលពីផ្សែងបារី។ ទីក្រុងទេសចរណ៍គ្មានផ្សែងបារីផ្ដល់សារៈសំខាន់ជាច្រើន ជាពិសេសការការពារអ្នកទេសចរ និងប្រជាពលរដ្ឋពីការស្រូបផ្សែងបារីពីអ្នកដទៃ ដែលជាកត្តាបង្កហានិភ័យដល់សុខភាព និងជំងឺមិនឆ្លង ដូចជា ជំងឺបេះដូង ជំងឺសរសៃឈាម និងជំងឺមហារីកសួត។ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៌ចូលរួមចំណែកកាត់បន្ថយការប៉ះពាល់នឹងផ្សែងបារី ការបោះចោលកន្ទុយបារី និងការជក់បារីនៅទីសាធារណៈ។
ជាមួយគ្នានេះ ទីក្រុងទេសចរណ៍គ្មានផ្សែងបារីក៏ជួយលើកកម្ពស់ភាពស្អាត និងអនាម័យនៅតាមទីតាំងរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រនានា អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ជាដើម។ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាការរួមចំណែកការពារសុខភាពថ្ងៃនេះ និងកសាងអនាគតទេសចរណ៍ប្រកបដោយចីរភាពសម្រាប់ថ្ងៃស្អែក។ ស្រុកបន្ទាយស្រីជាតំបន់ដែលសម្បូរទៅដោយប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ ដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទភ្នំបូក និងប្រាសាទបុរាណជាច្រើនទៀត។ ការជក់បារី និងការបោះចោលកន្ទុយបារីដោយមិនមានសណ្ដាប់ធ្នាប់នៅតាមបរិវេណប្រាសាទ អាចបង្កឱ្យប៉ះពាល់ដល់ភាពស្អាត អនាម័យ សោភ័ណភាព និងបរិយាកាសនៃតំបន់បេតិកភណ្ឌទាំងនេះ។
លើសពីនេះ ការប្រើប្រាស់ភ្លើងសម្រាប់ជក់បារីដោយខ្វះការប្រុងប្រយ័ត្នក៏អាចបង្កហានិភ័យនៃអគ្គិភ័យនៅតាមបរិវេណដែលមានស្មៅស្ងួត និងរុក្ខជាតិជុំវិញប្រាសាទផងដែរ។ ដូច្នេះ ការលើកកម្ពស់គោលដៅទេសចរណ៍គ្មានផ្សែងបារី មិនត្រឹមតែជាការការពារសុខភាពអ្នកទេសចរ និងប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សាសោភ័ណភាព បរិស្ថាន និងតម្លៃបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា “ការជក់បារីនៅតាមតំបន់បេតិកភណ្ឌពិភពលោក បង្កហានិភ័យដល់សុខភាពសាធារណៈ តាមរយៈការស្រូបផ្សែងបារីពីអ្នកដទៃ ព្រមទាំងបង្កហានិភ័យ ដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈគ្រោះថ្នាក់នៃអគ្គិភ័យដែលបង្កឡើងដោយការជក់បារី និងការបំផ្លាញដល់ទីតាំងប្រវត្តិសាស្ត្រ។ លើសពីនេះ កន្ទុយបារីដែលត្រូវបានបោះចោលក៏រួមចំណែកបង្កឱ្យមានការបំពុលបរិស្ថានផងដែរ។ ដូច្នេះ ការបង្កើត និងរក្សាបាននូវបរិស្ថានគ្មានផ្សែងបារីនៅតាមតំបន់បេតិកភណ្ឌវប្បធម៌ និងគោលដៅទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការការពារសុខភាពសាធារណៈ និងថែរក្សាបរិស្ថាន ព្រមទាំងតម្លៃបេតិកភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ។ ” គួរបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនមានន័យថា ហាមឃាត់មនុស្សគ្រប់រូបមិនឱ្យជក់បារី ឬហាមឃាត់ការលក់ផលិតផលថ្នាំជក់ទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ គោលការណ៍នេះផ្ដោតលើការគ្រប់គ្រង និងរៀបចំតំបន់ទេសចរណ៍ឱ្យអនុលោមតាមច្បាប់គ្រប់គ្រងផលិតផលថ្នាជក់ និងបទប្បញ្ញត្តិនាន ដោយធានាថា ការជក់បារីមិនត្រូវធ្វើឡើងនៅទីតាំងដែលច្បាប់ហាមឃាត់ ហើយការលក់ផលិតផលថ្នាំជក់ត្រូវគោរពតាមលក្ខខណ្ឌ និងវិធានការគ្រប់គ្រងថ្នាំជក់ រួមទាំងការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់។
លើសពីនេះ វាក៏ជួយជំរុញការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីធានាការអនុវត្តទីក្រុងទេសចរណ៍គ្មានផ្សែងបារីឱ្យមាននិរន្តរភាព ការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ម្ចាស់អាជីវកម្មទេសចរណ៍ និងប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ តាមរយៈការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់នៃការជក់បារី ការបិទស្លាកហាមជក់បារីនៅទីតាំងសេវាកម្ម និងកន្លែងធ្វើការសាធារណៈ ការលក់បារីដែលមានតែមប្រិ៍ពន្ធ និងមានសារព្រមានសុខភាពលើកញ្ចប់បារីជាដើម។
គូសបញ្ជាក់ផងដែរថា នៅកម្ពុជាមានប្រជាពលរដ្ឋ ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ 33%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត៕