|
សម្តេចធិបតី ចាត់ក្រុមគ្រូពេទ្យTYDA នាំអ្នកជំងឺចំនួន ៣នាក់
ថ្ងៃទី ៖ 06-11-2026, ដោយ Dara007 , 40 Views
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺចំនួន ៣នាក់ ដែលសម្ដេចបានជួបសំណេះសំណាលដោយផ្ទាល់ក្នុងឱកាសសម្ដេចអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ អ្នកជំងឺទាំង ៣នាក់នោះរួមមាន៖
១-លោកពូ ប្រាក់ រ៉ន អាយុ ៤៦ឆ្នាំ មកព្យាបាលជំងឺភ្នែកខាងឆ្វេងដែលជាភ្នែកសិប្បនិម្មិត ដោយត្រូវបន្តក់ថ្នាំបន្ថយការរលាក និងដាក់គ្រាប់ភ្នែកសិប្បនិម្មិតថ្មីជូនលោកពូ នៅមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងរាជធានីភ្នំពេញ ។ ២-លោកពូ ណែម ភឿន អាយុ ៥៧ឆ្នាំ មកព្យាបាលជំងឺទឹកដក់ក្នុងភ្នែកទាំងសងខាងរ៉ាំរ៉ៃ នៅមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងរាជធានីភ្នំពេញ ។ ៣-លោកពូ យិន ប៊ុនធឿន អាយុ ៥៩ឆ្នាំ មកពិនិត្យនិងព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងរាជធានីភ្នំពេញ ។ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ៕
|