ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ខែតុលា ឆ្នាំ២០២៦ នគរបាលជាតិបង្ក្រាប និងបំបែកសំណុំរឿងព្រហ្មទណ្ឌ២៦៩ករណី ឃាត់ខ្លួនជនសង្ស័យ៤០១នាក់
ថ្ងៃទី ៖ 06-11-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែតុលា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងសកម្ម ក្នុងនោះបានទប់ស្កាត់ បង្ក្រាបទាន់ពេល និងបំបែកសំណុំរឿង ចំនួន២៦៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤០១នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំនួននេះ បើធៀបនឹងខែកញ្ញា កន្លងទៅ កើនឡើង៦៤ករណី និងមនុស្សកើនឡើង៨៦នាក់។

បទល្មើសដែលសមត្ថកិច្ចជំនាញបង្ក្រាបបានក្នុងរយៈពេលពេញមួយខែតុលានោះ មានជាអាទិ៍ បទល្មើសលួច១២៥ករណី ឆក់៦ករណី ប្លន់៧ករណី ឆបោក៧ករណី ហិង្សា៨០ករណី រំលោភសេពសន្ថវៈ១៦ករណី បំពានផ្លូវភេទ៤ករណី មនុស្សឃាតដោយអចេតនា២ករណី ឃាតកម្ម១០ករណី បង្ខាំងមនុស្សខុសច្បាប់២ករណី ជះទឹកអាស៊ីត ១ករណី និងជំរិតទារប្រាក់ ១ករណី។

បើតាមរបាយការណ៍ បទល្មើសទាំងនេះ មានក្នុងភូមិសាស្ត្ររួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង កណ្ដាល ព្រះសីហនុ  សៀមរាប បន្ទាយមានជ័យ កំពត កែប កំពង់ស្ពឺ ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង ពោធិ៍សាត់ ព្រះវិហារ តាកែវ កំពង់ធំ បាត់ដំបង រតនគិរី កំពង់ឆ្នាំង មណ្ឌលគិរី ព្រៃវែង ឧត្តរមានជ័យ និងខេត្តកំពង់ចាម។

ផ្អែកតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ទោសទណ្ឌនៃបទល្មើសនីមួយៗត្រូវ បានកំណត់ មានជាអាទិ៍ បទល្មើសលួច តាមមាត្រា៣៥៦ បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ បទលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ដែលប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេល និង ដោយការកាប់គាស់ទម្លុះទម្លាយ ត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១០ឆ្នាំ ទៅតាមកម្រិតនៃស្ថានទម្ងន់ទោស។

បទហិង្សាដោយចេតនា ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ ករណីប្រព្រឹត្តដោយគិតទុកជាមុន ប្រើអាវុធឬគំរាមកំហែងនឹងអាវុធ និងធ្វើសកម្មភាពដោយមានមនុស្សច្រើននាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យជាប្រាក់ពី ៤លាន ទៅ១០លានរៀល។ ចំពោះបទឆបោក តាមមាត្រា៣៧៨ បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។

ករណីប្រព្រឹត្តដោយ មន្ត្រីរាជការ ឬតាំងខ្លួនជាមន្ត្រីរាជការ មានការចាត់តាំងជាក្រុម និងបុគ្គលដែលអំពាវនាវដល់សាធារណជន ដើម្បីអង្គាសមូលនិធិសម្រាប់ជំនួយមនុស្សធម៌ ត្រូវដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ឆ្នាំ។

ដោយឡែក បទឃាតកម្ម តាមមាត្រា ១៩៩បានចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ និងដោយគ្មានស្ថានទម្ងន់ទោសដូចដែលបានកំណត់ក្នុងមាត្រា ២០០ ដល់មាត្រា២០៥ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ក្នុងករណីសម្លាប់មនុស្សដោយគិតទុកជាមុន ឬពួនស្ទាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ពោធិ៍សាត់ៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈដែលឡើងយ៉ាងគំហុក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com