ក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការស្នើសុំពីវិស័យឯកជន ដែលសំណូមពរកែសម្រួលកម្រិតទម្ងន់អតិបរមា លើបណ្តាញផ្លូវថ្នល់ និងពិន័យអន្តរការណ៍ ព្រមទាំងទោសប្បញ្ញត្តិចំពោះអំពើល្មើសនឹងការកម្រិតទម្ងន់ដឹកជញ្ជូន អតិបរមាលើបណ្តាញផ្លូវថ្នល់។
សេចក្តីថ្លែងហេតុ ដែលដាក់ទៅកាន់អង្គសភា ដើម្បីការពារនូវសេចក្តីព្រាងច្បាប់ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានប្រគល់ ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យសិក្សាអំពីលទ្ធភាពធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវ ដែលអាចប្រើប្រាស់បាន សម្រាប់ការដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី៤០តោន ទៅដល់៤៥តោន។ រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមាន ភ្លៅ៦ឡើង អាចដឹកជញ្ជូនដល់ទម្ងន់៤៥តោន។
សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីរដ្ឋសភាពិនិត្យ និងអនុម័ត និងព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ ព្រមទាំងព្រះមហាក្សត្រឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើ និងចូលជាធរមានរួច នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា៖ ១. លើកទឹកចិត្ត និងជួយសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូននិងឡូជីស្ទិករបស់វិស័យឯកជន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិនិងតំបន់, ២. ធានានូវចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តាមរយៈការបង្កើនប្រសិទ្ធភាពនៃ ការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់, ៣. ពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព និងសមធម៌ តាមរយៈការកំណត់ការពិន័យអន្តរការណ៍និង ទោសប្បញ្ញត្តិ ឱ្យបានច្បាស់លាស់ និងសមស្របតាមស្ថានភាពជាក់ស្តែង, ៤. បង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌ គតិយុត្តឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្ត។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់រាល់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, រាជរដ្ឋាភិបាលបានរៀបចំឱ្យមានច្បាប់ស្ដីពីផ្លូវថ្នល់ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ដែលនៅក្នុងច្បាប់នេះត្រង់មាត្រា៤៣ បានកំណត់ឱ្យមានមន្ដ្រីអធិការកិច្ចផ្លូវថ្នល់ ដើម្បីពិនិត្យតាមដាន និងជំរុញការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ព្រមទាំងកំណត់ឱ្យមានគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមមាត្រា២៥នៃច្បាប់នេះ។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានរៀបចំស្ថានីយជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនចំនួន៣៤ទីតាំង និងមានអនុស្ថានីយចំនួន១០ទីតាំង ព្រមទាំងក្រុមការងារចល័តចម្រុះចំនួន១ក្រុម ដើម្បីការពារ បង្ការ និងទប់ស្កាត់រាល់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕