|
កម្ពុជានាំចេញអង្ករជិត៦០ម៉ឺនតោន គិតជាទឹកប្រាក់ជាង៣០០លានដុល្លារ
ថ្ងៃទី ៖ 05-06-2026, ដោយ Dara007 , 8 Views
ភ្នំពេញៈ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណប្រមាណ៥៦ម៉ឺនតោន កើនឡើង ៦៥,២៨% គិតជាប្រាក់ចំនួនជាង៣០០លានដុល្លារកើនឡើង២៩,៧៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
សម្រាប់ការនាំចេញអង្កររបស់កម្ពុជា ទៅ កាន់ទីផ្សារអឺរ៉ុប, ចិន និងបណ្តាប្រទេសតំបន់អាស៊ាន ។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន គិតជាប្រាក់ចំនួន ៣២៧ លានដុល្លារ។
ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៣ ជុំវិញពិភពលោក។ ក្នុងនោះ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ គឺជាទីផ្សារធំលំដាប់ទី១ សម្រាប់កម្ពុជា ដែលបានទិញអង្ករច្រើនជាងគេ។ បន្ទាប់មកប្រទេសចិន និងហុងកុង ដែលជាទីផ្សារធំលំដាប់ទី២ សម្រាប់អង្ករកម្ពុជា ។ បណ្តាប្រទេសក្នុងអាស៊ាន ចំនួន ៥ ក៏ជាទីផ្សារចម្បងសម្រាប់អង្ករកម្ពុជាផងដែរ ដែលបានបញ្ជាទិញអង្ករពីកម្ពុជា ។
ជាមួយគ្នានេះ ក៏បាននាំទៅកាន់គោលដៅចំនួន ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក និងមជ្ឈិមបូព៌ាជាដើម។
ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញអង្ករក្រអូបគ្រប់ប្រភេទចំនួន ៥៩,២០% ប្រភេទអង្ករសគ្រាប់វែង ២២,២៨% អង្ករចំហុយ ១,៧២% អង្ករសរីរាង្គចំនួន ១.០៤% អង្ករបាក់គ្រប់ប្រភេទ ១៥,៥៨% និងអង្ករផ្សេងៗចំនួន ០,១៨%%។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវជិត៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណជាជិត៦០០លានដុល្លារ៕
|