លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានថ្លែងថា ក្នុងរយ:ពេល ៣ថ្ងៃចាប់ពី១៤-១៦ មេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងចំនួនភ្ញៀវទេសចរសរុបមានភ្ញៀវអន្តរជាតិចំនួន ៧៧០នាក់ កើនឡើង ១៣.១%។ ដោយឡែក ប្រជាពលរដ្ឋក្នុងខេត្ត ដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ១០៣,៧៦១ នាក់ កើនឡើង ៦.៦% ។ សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ មានចំនួន ១៥២,១៨៦នាក់ មានការកើនឡើង ៤.៧៤ % ។ លោកបន្តថា សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារពុំមានការដំឡើងថ្លៃគួរឱ្យកត់សម្គាល់ឡើយ ។
ចំណែកសោភណភាពទីប្រជុំជន-ទីក្រុង និងអនាម័យតាមតំបន់រមណីយដ្ឋានក្រោមការដឹកនាំរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានយកចិត្តទុកដាក់យ៉ាងខ្ពស់ផងដែរ។
លោកបញ្ជាក់ថា ក្នុងរយ:ពេល ៣ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានភាពសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្ត ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី។
ក្នុងនោះប្រជាពលរដ្ឋភាគច្រើនក្នុងខេត្ត ក៏មានពិធីជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកម្សាន្ត និងមានការសប្បាយជាលក្ខណៈគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ចំណែក តាមតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ក្រោយពីទទួលបានការណែនាំរបស់ក្រុមកាងារមន្ទីរទេសចរណ៍ខេត្ត ៕