ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកជំទាវ Ülkü Kocaefe បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិរបស់លោកជំទាវសម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី នោះគឺសមិទ្ធផលមានដូចជានៅក្នុងអាណត្តិការងាររបស់លោកស្រីបានបង្កើតនូវការិយាល័យតួកគីនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបតែសម្រេចបាននៅចុងឆ្នាំ ២០២៥ នោះគឺការបង្កើតនូវជើងហោះហើរតួកគីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគីឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម និងផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។
លោកស្រីបានសម្ដែងនូវការជាប់ចិត្តរបស់លោកស្រីចំពោះប្រជាជនកម្ពុជាជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។
លោកស្រី ក៏បានលើកឡើងថា បើទោះបីជាពេលនេះលោកស្រីផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកជំទាវនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត។
ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកស្រីចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាជាប្រទេសកម្ពុជា។
សម្ដេចក៏បានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។
សម្ដេចក៏សរសើរតាមរយៈដែលលោកស្រីបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មវប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយទាក់ទងទៅនឹងមិត្តភាពរវាងកម្ពុជា និងតួកគីដែលក្នុងនោះសម្ដេចតេជោបានរំលឹកដល់នូវពាក្យដ៏មានអត្ថន័យរបស់លោកជំទាវថាលោកជំទាវនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ។
សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកស្រីទោះបីជាលោកស្រីបានត្រឡប់ទៅវិញក៏ពិតមែនតែសូមធ្វើបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីមានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក របស់កម្ពុជានៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ។
សម្ដេចតេជោក៏ឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលលោកជំទាវបានជ្រាបផងដែរជាពិសេសគឺជំហររបស់កម្ពុជាក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា៕