|
លោក សាយ សំអាល់ ៖ រាជរដ្ឋាភិបាលបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរបស់ជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាន
ថ្ងៃទី ៖ 20-01-2026, ដោយ Dara007 , 9 Views
ក្រចេះ: ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថា រាជរដ្ឋាភិបាលបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរបស់ជនជាតិដើមភាគតិចនៅតំបន់ភូមិភាគឦសាន ដើម្បីបង្កើនភាពជឿជាក់ និងផ្ដល់ងាយស្រួលជូនពួកគាត់ក្នុងការរស់នៅក្នុងសង្គមជាតិ។
ថ្លែងក្នុងពិធីចែកបណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា ការប្រគល់ប័ណ្ណសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះទេ តែផ្ដោតសំខាន់ ១. សំដៅបិទបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។២. បញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច និង៣. បង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ជារួមយើងបិទបញ្ចប់ភាពជាកង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិនទៅនឹងសុវត្ថិភាពនៃការកាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែទទួលស្គាល់បងប្អូនជនជាតិដើមភាគតិចជាជនជាតិដើមភាគតិចប៉ុណ្ណោះទេ ប៉ុន្តែតែងតែគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជាគឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើង៕
|