ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជារបស់ខ្មែរនោះបានបង្កើតការងារដល់យុវជនខ្មែរយ៉ាងច្រើនឱ្យមានមុខរបរ ដើម្បីបង្កើនចំណូលជួយក្រុមគ្រួសារ ។
សម្តេចធិបតី មានប្រសាសន៍បន្តទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានដាក់ទុនវិនិយោគរបស់អ្នកវិនិយោគខ្មែរ និងបរទេសក្នុងស្រុក។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកឡើងថា បើសិនជាការបកស្រាយនិងការលើកឡើង មិនពិតណាមួយពីមនុស្សមួយចំនួននៅក្រៅប្រទេសថា ព្រលានយន្តហោះនេះមិនមែនជាកម្មសិទ្ធិរបស់កម្ពុជា ត្រូវរួមគ្នាបង្ហាញការពិត ដើម្បីកុំឲ្យមានការយល់ច្រឡំ ប៉ុន្តែអ្វីដែលជាស្នូលត្រូវទទួលស្គាល់ បើសិនជាមានចំណុចវិជ្ជមាន ឬអវិជ្ជមានណាមួយនៅក្នុងព្រលានយន្តនេះ ត្រូវពង្រឹងនិងកែលំអរឡើងឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោកនោះទេ ប៉ុន្តែជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕