លោក ស សុខា ៖សិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែង បង្ហាញការរីកចម្រើនវិស័យអប់រំនៅកម្ពុជា
ថ្ងៃទី ៖ 19-10-2025, ដោយ Dara007 , 43 Views
ព្រៃវែងៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោក ស សុខា បានចាត់ទុកសមិទ្ធផលនេះ ថាជាចំណែកដ៏សំខាន់មួយទៀតនៃការរីកចម្រើនវិស័យអប់រំ និងក៏ជាការបញ្ជាក់ពីសុខសន្តិភាព ដែលកម្ពុជា ទទួលបានដោយលំបាកបំផុត ក្រោយសម័យសង្គ្រាម ពោលគឺចាប់តាំងពីប្រទេសមិនមានសល់អ្វីសោះ រហូតបច្ចុប្បន្នមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំ ដែលទាមទារឱ្យមានការចូលរួមបន្តទៀត ខណៈការអប់រំបណ្តុះបណ្តាល គ្មានទីបញ្ចប់នោះទេ៕
|