ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Olivier Richard ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា មានប្តសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់អំពីស្ថានភាពចុងក្រោយនៃព្រំដែនកម្ពុជា និង ថៃទៅកាន់ឯកអគ្គរដ្ឋទូតបារាំង ហើយក៏បានស្នើឱ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ ពិសេសគឺការជំរុញឱ្យភាគីទាំងពីរអនុវត្តន៍នូវបទឈប់បាញ់្យបានពេញលេញ ។
សម្ដេចតេជោបានបញ្ជាក់ថា បទឈប់បាញ់នេះនូវតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជាចង់ឃើញ និងចង់បាននោះ គឺមិនឱ្យបារាំងទៅថ្កោលទោសប្រទេសណានោះទេ ក៏ប៉ុន្តែគ្រាន់តែជំរុញឱ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តន៍នូវបទឈប់បាញ់ឱ្យបានពេញលេញ។
ជាការឆ្លើយតប លោក Olivier Richard បានជម្រាបជូនសម្ដេចតេជោថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ហើយបារាំងនឹងបន្តតាមដានលើបញ្ហានេះ។
ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងបារាំង នឹងកាន់តែបន្តរីកចម្រើន ជាពិសេសការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងមេដឹកនាំនៃប្រទេសទាំងពីរ៕