ប្រាប់អ្នកសារព័ត៍មានក្រោយបញ្ចប់កិច្ចប្រជុំប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប អាណិត្តទី៤ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ បានទទួលជំហរពីភាគីនិយោជកដែលដើមឡើយគាត់សុំឱ្យមានការធ្លាក់ថយក្រោយនៃកំណើនប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែចុងក្រោយនេះក៏បានឯកភាពស្នើសុំរក្សាតួលេខនៅដដែល។ ដោយឡែក ភាគីសហជីពតំណាងកម្មករនិយោជិត បានឯកភាពគ្នាស្នើសុំដំឡើងប្រាក់ឈ្នួលចំនួន ១០ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលបច្ចុប្បន្ន មានចំនួន២០៨ដុល្លារ ឡើងមកចំនួន ២១៨ដុល្លារ នាឆ្នាំ២០២៦ខាងមុខ។
លោក ហេង សួរ នៅថ្ងៃនេះក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំជាលក្ខណៈត្រីភាគីរបស់ខ្លួន បើគិតចាប់ពីថ្ងៃទី១ ជាថ្ងៃចាប់ផ្តើមត្រីភាគីរហូតមកដល់ថ្ងៃនេះ គឺបានចាប់ផ្តើមចំនួន១១លើក ក្នុងនោះកិច្ចប្រជុំត្រីភាគី ២លើក កិច្ចប្រជុំទ្វេភាគីចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៦លើកនេះ ហើយនេះជាយន្តការដែលបានចែងនៅក្នុងច្បាប់ ហើយនៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ ជាលើកទី២ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានសម្រេចយកតួលេខចំនួន ១០ដុល្លារ សម្រាប់បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន។ ដោយឡែក ភាគីនិយោជកបានស្នើសុំរក្សាតួលេខនៅដដែល គឺចំនួន ២០៨ដុល្លារ»។
ទន្ទឹមនឹងតួលខមិនទាន់មានការឯកភាពគ្នានេះ លោករដ្ឋមន្រ្តី នឹងខិតខំធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ លើកតួលេខរបស់ខ្លួនបន្ដទៀតនៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលជាលើកទី៣ និងទី៤នៅពេលខាងមុខនេះ ដើម្បីឈានទៅសម្រេចតួលេខរួមដោយមានការឯកភាពពីភាគីទាំងសងខាងផងដែរ។
សូមបញ្ជក់ថា កិច្ចចរចាប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់បានប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕