ក្នុងឱកាសដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៏ចំពោះជាតិមាតុភូមិ វីរៈកងទ័ពជួរមុខនិងប្រជាជនចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់មួយចំនួន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ដើម្បីយកទៅចែកជួនដល់កម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងកាលះទេសះនេះគឺជាការចែករំលែកដែលបង្ហាញឲ្យឃើញថា បេះដូងខ្មែរតែមួយ ស្មារតីជាតិនិយមបានផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុត នេះបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីជាតិឯកភាពជាតិ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី និងខ្មែរដើម្បីខ្មែរ ដែលបង្ហាញឲ្យឃើញពីសាមគ្គីភាពជាធ្លុងមួយនៃប្រជាជនខ្មែរ ហើយក៏ជាគំរូដ៏ល្អសម្រាប់ក្មេងជន់ក្រោយផងដែរ។ដែលបង្ហាញពីសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងបងប្អូនសប្បុរសជន ក៏សូមគោរពដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ហើយក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនសប្បុរសជនដែលមានចិត្តសប្បុរសធម៏ ដែលបានបរិច្ចាកថវិការផ្ទាល់ខ្លួន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធារៀងៗខ្លួនជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក រួមនិងប្រជាពលរដ្ឋ។
ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាជូនដល់មេបញ្ជាការ យោធភូមិភាគទី៣ ចំនួន(១០លានរៀល),មេបញ្ជាការ សឹករងស្រុកមណ្ឌលសីមា ចំនួន(១លានរៀល),មេបញ្ជាការ វរៈសេនាតូចលេខ៣៣៧ ចំនួន(១លានរៀល),មេបញ្ជាការ វរៈសេនាតូចលេខ៨២៧ ចំនួន (១លានរៀល)និងមេបញ្ជាការ វរៈអន្តរាគមន៍ ចំនួន(១លានរៀល) និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបងប្អូនក្រុមគ្រួសារជនភៀសសឹក ចំនួន៦១៩គ្រួសារទៀត ដោយក្នុង១គ្រួសារទទួលបាននូវ៖អង្ករ ១បាវ,ទឹកបរិសុទ្ធ ៦ដប,មីខ្លាឃ្មុំ ២០កញ្ចប់,ទឹកផ្លែឈើ Era gold 5 កំប៉ុង,នំប្រៃ ១កញ្ចប់,ទឹកស៊ីអ៊ីវ ១យូរ,អំបិលម្រិច ១ខ្សែរ,ទឹកដោះគោ ២កញ្ចប់,បាយប្រអប់ ៤ប្រអប់,ស្ករ ១កញ្ចប់,ទឹកត្រី ១យូរ,ត្រី ខ ១យូរ,អំបិល ១កញ្ចប់,មុង ១,ភួយ ១,ថ្នាំពេទ្យមួយចំនួន,អាវរងារ ១,នំសូកូឡា សាំងវិច ១កេស,នឹងថវិកា ក្នុងម្នាក់ ២ម៉ឺនរៀលថែមទៀត៕