មុនប្រកាសរបស់អ្នកនាំពាក្យថា រដ្ឋមន្រ្តីកសិកម្មនឹងទទួលជួបអ្នកមើលថែដំរីនេះ កាលពីនារាត្រីថ្ងៃទី១ ខែកក្កដា រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ពីការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ក្រោយមានបណ្តាញសង្គមជាច្រើន បានលើកឡើងពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គីដែលគួរឲ្យអាណិត ក្រោយអ្នកមើលថែត្រូវបានលាឈប់ពីការងារ។
តាមរយៈវិដេអូចែកចាយបន្តបន្ទាប់ នៅពេលម្ចាស់ជាអ្នកមើលដំរីអស់រយៈពេលប្រមាណជា៣០ឆ្នាំនោះ បានធ្វើដំណើរតាមម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ដំរីឡាក់គី បានរត់តាមម្ចាស់របស់វា ក្នុងគោលបំណងមិនឲ្យចាក់ចេញពីវា ។
ករណីនេះ រដ្ឋបាលព្រៃឈើគូសបញ្ជាក់ថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។ ដោយលោក ទ្រី ស៊ីថេង ត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ហើយលោកត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥នេះ។
រដ្ឋបាលព្រៃឈើបន្តថា ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្មនោះទេ ៕