ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នភាពការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយប្រទសអាមេរិកថា មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយនៅលើពិភពលោក បានចរចាត្រូវរឿងពាណិជ្ជកម្ម ការអនុវត្តពន្ធថ្មី ជាមួយអាមេរិកនៅឡើយនោះទេ ពីព្រោះការចរចានេះ គឺមានលក្ខណៈស្មុគស្មាញ និងមិនស្រួលនោះទេ។
ប៉ុន្ដែសម្រាប់កម្ពុជា យើងខិតខំបានត្រៀមលក្ខណៈបន្តទៀត ដើម្បីធានាទៅដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការងាររបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា បានជួបប្រធានតំណាងពាណិជ្ជកម្មរបស់អាមេរិកម្ដងរួចហើយ កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ដែលនេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ហើយនៅថ្ងៃទី២ ខែឧសភានេះ ក្រុមការងារកម្ពុជានឹងមានការចរចាម្ដងទៀតជាមួយអាមេរិក។
ទន្ទឹមនឹងនេះ បានអំពាវនាវដល់មន្រ្ដីគ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តគោលការត្រួតពិនិត្យការនាំចេញផលិតផល ឬទំនិញពីកម្ពុជាទៅក្រៅប្រទេសឱ្យមានសុក្រឹត ដើម្បីជៀងវាងមានការចោទប្រកាន់លើការនាំចេញផលិតផលរបស់កម្ពុជាទៅក្រៅប្រទេស។
សម្ដេចធិបតី មានប្រសាន៍ថា កាលពីថ្ងៃទី២៨ ខែមេសា សម្ដេចបានឯកភាពដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចឱ្យពិនិត្យលើផលិតផលដែលនាំទៅអាមេរិកឱ្យបានត្រឹមត្រូវចៀសវាងការនាំចេញទៅខុសនីតិវិធី ដែលនាំឱ្យមានផលប៉ះពាល់ដល់ការអនុវត្តពាណិជ្ជកម្ម ដើម្បីបញ្ជាក់ពីការខិតខំរបស់កម្ពុជាចំពោះការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតីបានសម្ដែងការសោកស្ដាយដែលក្រុមជ្រុលនិយមនៅក្រៅស្រុក បានយកជើងរាទឹក និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា បើទោះបីរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយជាមួយអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ៕