សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ សម្ដេចបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច ដើម្បីធ្វើការល្បាត និងអភិរក្សាផលជលផលកម្ពុជា ខណៈដែលការងារជលផលមានទំហំធំ ហើយការនេសាទខុសច្បាប់ក៏មានច្រើន ដោយការនេសាទខុសច្បាប់ ជាពិសេសការឆក់ក្ដៅ ឆក់ត្រជាក់ជាដើម។ «សម្ដេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលទៅបំផុសបំផុលឱ្យពលរដ្ឋរាប់រយនាក់ទៅឆក់ត្រី ហើយចាំទិញបន្តពីពលរដ្ឋ។ បន្ទាប់ពីកាលពីមុន គឺមានអ្នកបំផុសឱ្យពលរដ្ឋទៅចាប់ដី ប៉ុន្ដែឥឡូវមានអ្នកបំផុសឱ្យពលរដ្ឋរាប់រយនាក់ ប្រើប្រាស់ឧបករណ៍ឆក់ត្រី ហើយនៅពេលឆក់បានគេទិញហើយពលរដ្ឋជាអ្នកប្រឈមផ្លូវច្បាប់ពេលអាជ្ញាធរចាប់បាន។ ដូច្នេះត្រូវស្វែងរកចាប់មេខ្យល់បំផុសបំផុលនេះឱ្យបានកុំឱ្យរួចខ្លួន។»
ទន្ទឹមនឹងនេះ សម្តេចធិបតីផ្ដាំទៅថា អ្នកមានអំណាច គ្មានសិទ្ធិធ្វើការនេសាទខុសច្បាប់នោះឡើយ ខណៈរាជរដ្ឋាភិបាល បានជ្រើសរើសប្រជាពលរដ្ឋជាធំ ដោយមិនជ្រើសរើសអ្នកមានអំណាចធ្វើការរនេសាទខុសច្បាប់នោះឡើយ។
សម្ដេចធិបតី អះអាងថា ក្នុងរយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង ហើយក្នុងនោះក៏មានបញ្ហាមួយដែរ គឺតម្លៃត្រីចុះថោក ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏កោតសរសើរ និងវាយតម្លៃខ្ពស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងរដូវត្រីពង ដើម្បីសំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋផងដែរ៕