លោកបញ្ជាក់ថា “សារនយោបាយដ៏ច្បាស់លាស់របស់សម្តេចធិបតី គឺកម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោក ទៅថ្ងៃមុខទៀតគឺជាទិសដៅនៃគោលនយោបាយបរទេសឯករាជ្យ និងប្រកបដោយតុល្យភាពរបស់កម្ពុជាយើង នៅក្នុងបរិបទពិភពលោកមួយដែលមិនជាក់លាក់ ស្មុគស្មាញ និងមិត្តឋិតឋេរទាល់តែសោះ”។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា នៅលើទឹកដីរុស្ស៊ីក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បេសកកម្មសរបស់សម្តេចធិបតី បានបន្តគោលនយោបាយការបរទេសឯករាជ្យបើកចំហរ និងតុល្យភាពល្អរបស់កម្ពុជាដោយរក្សាបានខ្ជាប់ខ្ជួននូវមិត្តភាពរឹងមាំជាមួយដៃគូទាំងអស់ ។
លោកថា មិត្តភាពរវាងកម្ពុជា និងរុស្ស៊ីជាមិត្តយូរអង្វែងដែលឈរលើផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក ។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងនេះ ទៀតសោត នឹងបន្តកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ជាមួយគ្រប់បណ្តាប្រទេសនានានៅក្នុងពិភពលោក ដើម្បីការពារសន្តិភាព លើកកម្ពស់ការអភិវឌ្ឍនិងបន្តបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ៕