ទម្លាយល្បិចបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” គឺជាប្រធានបទនៃទិវាពិភពលោកគ្មានថ្នាំជក់២០២៦។ ប្រធានបទនេះមានគោលបំណង លាតត្រដាងល្បិចកលរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងការបន្តច្នៃប្រឌិតបង្កើត និងប្តូររូបរាងផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញមនុស្សជំនាន់ថ្មី កុមារនិងវ័យជំទង់។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឱ្យដឹងថា ឧស្សាហករថ្នាំជក់ មិនត្រឹមតែផលិតបារីប៉ុណ្ណោះទេ ប៉ុន្តែក៏បានផលិតនិងចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ដែលបានហាមឃាត់ដោយរដ្ឋាភិបាល។ នៅកម្ពុជា ឧស្សាហករថ្នាំជក់ និងឧស្សាហករនីកូទីន បានបន្តផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញកុមារ និងយុវជនតាមមធ្យោបាយផ្សេងៗ ជាពិសេសតាមបណ្តាញព័ត៌មានសង្គម បើទោះបីជាដឹងថាទង្វើរបស់ខ្លួនផ្ទុយទៅនឹងច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ដោយ។
ចំពោះបារី ការបំពានទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់ក្រុមហ៊ុនថ្នាំជក់ បានកើតឡើងតាមរយៈការផ្សាយពាណិជ្ជកម្មបារីនៅកន្លែងលក់បារី ការណែនាំឲ្យអ្នកលក់បារីតាំងលក់បារីខុសពីច្បាប់កំណត់ និងការចែកចាយបារីដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវ និងគ្មានតែមប្រិ៍ពន្ធជាដើម។ ចំពោះបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី នៅតែបន្តបំពានផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ បានចាត់វិធានការលើការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី ជាបន្តបន្ទាប់។
ដោយមើលឃើញថា ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន នៅតែបន្តបំពានច្បាប់ និងបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញសេចក្តីណែនាំដល់អង្គភាពចំណុះ និងមូលដ្ឋានអាជីរកម្មទាំងអស់ មិនឲ្យសហការ ឬចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ទោះក្នុងគោលបំណងអ្វីក៏ដោយ។
ការដាក់ចេញវិធានថ្មីនេះ ស្របគ្នានឹងវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ដែលបានហាមឃាត់អង្គភាពចំណុះគ្រឹះស្ថានសិក្សា និងមូលដ្ឋានអាជីវកម្ម មិនឲ្យពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងគោលបំណងការពារមូលធនមនុស្សរបស់កម្ពុជា កុំឲ្យធ្លាក់ទៅក្នុងល្បិចកលទាក់ទាញ ភូតកុហករបស់ក្រុមហ៊ុននេះ៕