|
សម្ដេចតេជោ៖ ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
ថ្ងៃទី ៖ 20-05-2026, ដោយ Dara007 , 52 Views
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។
យោងតាមបណ្ដាញសង្គមផ្លូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្ដេចតេជោ គូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សម្ដេចតេជោ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕
|