សម្ដេចធិបតី បានណែនាំឱ្យសិក្សារៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ពវីរនគរបាល ដែលបានចូលរួមក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥ បន្ទាប់ពីការពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះ សម្ដេចធិបតីណែនាំឱ្យលោក ទៀ សីហា រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពសំខាន់ៗចំនួនបីនៅវិមានឈ្នះឈ្នះ បណ្ដាលមកពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងនោះទី១ ឆ្លាក់អំពីការឈឺចាប់នៃសង្គ្រាមឈ្លានពាន ដូចជារូបជនភៀសសឹកជាដើម, ទី២ ទិដ្ឋភាពនៃវីរភាពរបស់វីរកងទ័ព វីរនគរបាល និងទី៣ ទិដ្ឋភាពនៃកម្លាំងសាមគ្គីភាពនៃមហាគ្រួសារខ្មែរទូទាំងពិភពលោក ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ដរបស់កម្ពុជា។
សម្ដេធិបតីបានគូសបញ្ជាក់ថា ផ្អែកលើគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់បច្ចុប្បន្ននេះ។
សម្ដេធិបតីបន្ថែមថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីត យុទ្ធជន និងនិវត្តជន ដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន និងនិវត្តជន ដែល បង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនផងដែរ៕