មន្ត្រីជំនាញកំពុងស្ថិតនៅទីតាំងកើតហេតុ នៅផ្នែកខាងក្រោម នៃទីតាំងកើតហេតុ ដែលអាចមានចំងាយប្រហែល៦គីឡូម៉ែត្រ ដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពិនិត្យដោយផ្ទាល់នៅកន្លែងដែលប្រជាពលរដ្ឋបានរាយករណ៍ និងបានប្រមូលសំណាកទឹក យកទៅធ្វើតេស្តតាមបច្ចេកទេស នៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យត្រីងាប់ រហូតដល់ម៉ោង០៦:៣០នាទីល្ងាចថ្ងៃដដែល។ ក្រុមការងារនឹងបន្តពីនិត្យ នៅផ្នែកខាងលើបន្ថែមនាវេលាថ្ងៃស្អែកបន្តទៀត។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្រ្តីជំនាញបន្តធ្វើការរកប្រភពនៃការបំពុលតំបន់ទឹកស្ទឹងព្រែកត្នោតឱ្យឃើញ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ តាមរយៈយុទ្ធនាការផ្ទៃទឹកស្អាត និងការអនុវត្តច្បាប់ជាធរមាន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្នុងសសរស្តម្ភទី១គឺ «ភាពស្អាត»។ រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលរកឃើញមានបង្ហូរទឹកកខ្វក់ ដោយគ្មានការប្រព្រឹត្តិកម្ម ត្រូវបានផាកពិន័យ បញ្ជាឱ្យកែតម្រូវ ឬឈានដល់ការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចេញ សារាចរលេខ ០៣ (ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥) ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ។ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ៕