|
កម្ពុជាបន្ថែមការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី
ថ្ងៃទី ៖ 19-03-2026, ដោយ Dara007 , 8 Views
ភ្នំពេញៈ លោក កែវ រតនៈ បានអះអាងថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន។
ប្រាប់អ្នកសារព័ត៌មាន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា សង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក ដូច្នេះការនាំចូលប្រេងរបស់កម្ពុជា កើតមានឡើងស្របពេលដែលវៀតណាម និងចិន បានរឹតត្បិតការនាំចេញប្រេងឥន្ធនៈ រហូតដល់យ៉ាងហោចណាស់ចុងខែមីនា ដើម្បីទប់ស្កាត់ការខ្វះខាតក្នុងស្រុកដែលអាចកើតមាន។ ប្រទេសកម្ពុជា កំពុងជំរុញការនាំចូលបន្ថែមពីប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដោយសារតែការរឹតត្បិតការនាំចេញពីនៅកន្លែងផ្សេងទៀត។
លោក បានបញ្ជាក់ថា កម្ពុជានៅតែអាចនាំចូលប្រេងឥន្ធនៈក្នុងបរិមាណតិចតួចពីប្រទេសចិន។ ប៉ុន្តែដោយសារតែមានភាពជាដៃគូរឹងមាំជាមួយក្រុមផ្គត់ផ្គង់សកល Total និង Chevron ដូច្នេះអាចកាត់បន្ថយហានិភ័យមួយចំនួន។ បន្ថែមពីនោះទៀត បញ្ហាស្តុកប្រេងឥន្ធនៈបច្ចុប្បន្ន គឺអាចប្រៀបធៀបទៅនឹងកម្រិតជាប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតពីប្រទេសទាំងពីរ មកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ១៨ថ្ងៃដំបូងនៃខែមីនានេះ គឺខ្ពស់ជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
|