ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩,៧០០ ដុល្លារអាមេរិក, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Latop ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបាន ធ្វើឡើងក្រោមការបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ព្រមទាំង មានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញផងដែរ។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានបង្កើត Website ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសង អនឡាញ ដែលជាទង្វើខុសច្បាប់ និងប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ក្នុងទិសដៅ ទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។ ក្នុងចំណោមជនសង្ស័យ ទាំង១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកា ចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបាន ស្ថានកុងសុល និងអនុព័ន្ធប៉ូលីសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ។
ក្នុងប្រតិបត្តិការបង្ក្រាប online scamករណីផ្សេងទៀត កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យចំនួន២៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងនោះជនជាតិចិន ៦នាក់ឃាត់ខ្លួនពី អគារThe peak tower២, ឥណ្ឌូណេស៊ី ៦នាក់ ពីអគារ The bridge និងជនជាតិឥណ្ឌូណេស៊ី ចំនួន១២នាក់ ពីអគារ Noden hotel and apartment ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះករណីទាំងនេះ ដោយអនុវត្តតាមច្បាប់ ជាធរមានរបស់ព្រះរាជណាចក្រកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕