យោងតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។
សម្ដេចតេជោសូមសំណូមពរដ៏ទទូចឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។
សម្ដេចតេជោបានបញ្ជាក់ថា ការដោះស្រាយផ្សេងទៀតរង់ចាំឱ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា។
សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ គឺកីឡាករ ២រូប រួមមាន១- អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង ២- នាយឯក អេ អាំម៉ារីនភូថង កីឡាករគុនខ្មែរ កីឡាករគុនខ្មែរ ដែលមិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ៕