ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៥៧៩ នៅបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកនូវឱកាសការងារជាង ៥ ០០០ កន្លែង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាយន្តការដ៏មានប្រសិទ្ធភាព ដោយមានអ្នកចូលរួមសរុបដល់ទៅ ១៥០ ៨៩៩ នាក់ ហើយក្រសួងនឹងបន្តរៀបចំជាហូរហែបន្ថែមទៀតនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ។ លោកបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៩ ៥៣៩ កន្លែង នៅទូទាំងប្រទេស ដែលជាសញ្ញាណវិជ្ជមានសម្រាប់បងប្អូនដែលចង់កសាងជីវភាពក្នុងស្រុកកំណើត។ លោករដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបយ៉ាងស៊ីជម្រៅ ដើម្បីឱ្យបងប្អូនពលករងាយស្រួលក្នុងការសម្រេចចិត្ត។
លោកបានគូសបញ្ជាក់ថា ការធ្វើការនៅប្រទេសថៃ ទោះបីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងបន្តិច ប៉ុន្តែត្រូវប្រឈមនឹងការរើសអើង ហានិភ័យសុវត្ថិភាព ខ្វះការគាំពារសុខភាព និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារបានឡើយ។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុកគឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ និងអត្ថប្រយោជន៍គាំពារសង្គមដ៏លើសលប់ពីប័ណ្ណ ប.ស.ស. រួមមាន៖ (១)សេវាព្យាបាលឥតគិតថ្លៃ៖ ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនអស់ប្រាក់។ (២)ប្រាក់សោធននិវត្តន៍៖ ការធានានូវប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរាដូចមន្ត្រីរាជការ។ (៣)ការគាំពារមាតា និងទារក៖ ទទួលបានប្រាក់ឧបត្ថម្ភជាច្រើនលើក ចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលកូន និងការឈប់សម្រាកដែលមានប្រាក់ឈ្នួល។
ស្របតាមការយកចិត្តទុកដាក់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងបានជំរុញឱ្យយុវជនចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស (TVET ១.៥ លាននាក់)។ ជាពិសេស សម្រាប់បងប្អូនអតីតពលករដែលមានបទពិសោធន៍ស្រាប់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨ មុខជំនាញ ដោយឥតគិតថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។ ដោយឡែកសម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម ដើម្បីធានាថាបងប្អូនទទួលបានឧត្តមភាព និងសេចក្ដីថ្លៃថ្នូរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ។ ប្រសិនបើបងប្អូនមានចម្ងល់ ឬស្វែងរកការងារ សូមទាក់ទងមកកាន់ Hotline ១២៩៧ ឬ ១២៨៦ សម្រាប់ព័ត៌មាន ប.ស.ស.៕