លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 ដែលប្រព្រឹត្តឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប ពិសេសតំបន់អង្គរនេះតែម្ដងឱ្យមានការផ្សព្វផ្សាយកាន់តែច្រើនថែមទៀត និងអាចទទួលបានភ្ញៀវទេសចរអញ្ជើញមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន និងជួយដល់ការងារផ្នែកមនុស្សធម៌ផ្សេងៗ។
ឆ្លៀតក្នុងឱកាសពោរពេញដោយក្តីសោមនស្សរីករាយនេះ លោករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ សបញ្ជាក់ឱ្យឃើញពីស្មារតីស្រលាញ់ចូលចិត្តកីឡា និងជាជាស្មារតីក្នុងការផ្តល់តម្លៃដល់វប្បធម៌ និងតម្លៃនៃសុខសន្តិភាព ពោលគឺបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានៅតែបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយកម្ពុជាអាចផ្តល់សុវត្ថិភាពដល់អ្នកវិនិយោគិនបរទេស និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបានគ្រប់ពេលវេលា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៩ ឆ្នាំ២០២៦ មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ ។ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុនទេសចរណ៍ Phoenix Voyages ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងដៃគូឧបត្ថម្ភជាច្រើនទៀត៕