ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា យោធាថៃបានប្រើប្រាស់ យន្ដចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេយ្យកម្ពុជា ចំនួន៤លើក នៅចម្លោះម៉ោង១២៖៣០ថ្ងៃត្រង់នេះ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «ថៃបានប្រើប្រាស់យន្ដហោះ F-16 ចំនួន៤លើក ដោយនៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក នៅចន្លោះម៉ោង១២៖៣០នាទី ដល់ម៉ោង១២៖៤០នាទី និងតំបន់តាក្របី ចំនួន១លើក»។
ក្រៅពីនេះ យោធាឈ្លានពានថៃ ក៏បានផ្លោងគ្រាប់ចំនួន៤គ្រាប់ ចូលក្នុងសាលាបឋមសិក្សាមនោរម្យ១+២ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងចំភូមិឋានរបស់ប្រជាពលរដ្ឋដែលបណ្ដាលឲ្យមានអ្នករងរបួស ព្រមទាំងបំផ្លេចបំផ្លាញផ្ទះសម្បែងជនស៉ីវិលស្លូតត្រង់ផងដែរ។
លោកស្រីសង្កត់ធ្ងន់ថា កម្ពុជាថ្កោលទោសចំពោះថៃ ដែលប្រើប្រាស់គ្រាប់បែកចង្កោម ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរយូរអង្វែង និងរំលោភច្បាប់អន្តរជាតិ ហើយក៏ជាឧក្រិដ្ឋកម្មសង្គ្រាម។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារចំនួន៧ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៧នោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕