លោកឧត្តម សេនីយ៍ទោ ឈិន ប៊ុនរ៉ាន នាយកវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន អង្គភាពស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំងឱ្យដឹង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ថា តាមការពិនិត្យ គ្រាប់យុទ្ធភណ្ឌនេះ ជាគ្រាប់ទម្លាក់ពីយន្តហោះ ប្រភេទ MK82 មានទម្ងន់ប្រមាណ ២៣០ គីឡូក្រាម ផលិតនៅប្រទេសអាមេរិក មានការទម្លាក់ចន្លោះពីឆ្នាំ១៩៧០ -១៩៧៣ ។ ចំពោះហានិភ័យនោះបើសិនជាមានការប៉ះពាល់ធ្វើឲ្យផ្ទុះ ទំហំធំធេងណាស់ វាអាចមានវិសាលភាព រាប់គីឡូដី ពីរង្វង់នៃការផ្ទុះនោះ។ ហើយកម្លាំងសុវត្ថិភាពជុំវិញមានចម្ងាយ ប្រមាណ៣០០ ទៅ ៥០០ ម៉ែត្រ នឹងអាចខ្ទាតដំបែងរបស់វាទៅប៉ះបណ្ដាលឱ្យមនុស្សអាចស្លាប់បាន។
លោកឧត្តម សេនីយ៍ទោ ឈិន ប៊ុនរ៉ាន បន្តថា គ្រាប់នេះត្រូវបានរាយការណ៍ និងសហការដោយអាជ្ញាធរ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដោយកិច្ចប្រតិបត្តិការនេះត្រូវបានបញ្ចប់ និងបន្សាប នៅម៉ោង១២.៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នឹងត្រូវចល័តយកមករក្សាទុកនៅទីសុវត្ថិភាព ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបន្តគ្រប់គ្រងឲ្យធានាបាននូវសុខសុវត្ថិភាព ពេលខាងមុខទៀត។ ចំពោះកិច្ចការងារនេះជួបលក្ខខណ្ឌលំបាកមួយចំនួន ដោយសារតែវាជាគ្រាប់ដែលនៅកៀកនិងពីប្រជុំជន គឺត្រូវជម្លៀសប្រជាជនទៅឲ្យឆ្ងាយពីទីតាំងគ្រាប់ខាងលើនោះ និងដាក់កម្លាំងសមត្ថកិច្ច ប្រជាការពារអាជ្ញាធរភូមិឃុំ យាមកាម មិនឱ្យមានការឆ្លងកាត់ផ្លូវ ធ្វើដំណើរជាដើម។ ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋ មានការសប្បាយចិត្តខ្លាំងណាស់ ដែលខាងអង្គភាពស៊ីម៉ាក់ បានចុះទៅយកគ្រាប់យុទ្ធភណ្ឌ បានទាន់ពេលវេលា។ ហើយកិច្ចការនេះត្រូវដោះស្រាយបានទាំងស្រុង បញ្ចប់ដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព 100% ។
លោកឧត្តម សេនីយ៍ទោ ឈិន ប៊ុនរ៉ាន ក្នុងនាមអាជ្ញាធរស៊ីម៉ាក់ និង លោកឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមតំបន់សហគមន៍នានា ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាទូទាំងប្រទេស ជួយផ្សព្វផ្សាយបន្ត នៅពេលឃើញអ្វីដែលប្លែក មានលក្ខណៈ ស្រដៀងទៅនឹងគ្រាប់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ដោយប្រការណាមួយ សូមកុំប៉ះពាល់ ត្រូវរាយការណ៍មុខអាជ្ញាធរ ដែនដី ដើម្បីបានរាយការណ៍បន្តមកអង្គភាពស៊ីម៉ាក់ ដើម្បីមានវិធានការទៅដោះ ឬប្រមូលយកចេញ កម្ទេចចោល ឬយកទៅរក្សាទុកកន្លែងណាមួយដែលមានសុវត្ថិភាពបំផុត ដើម្បីធ្វើការកម្ទេចនៅពេលខាងមុខ៕